រដ្ឋមន្ត្រី៖ នៅសប្តាហ៏ក្រោយ ក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកថៃ នឹងអាចចាកចេញ ពីមន្ទីរពេទ្យបានហើយ

16 July 2018 09:13

ឈៀងរ៉ៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៨ថា លោក Piyasakol Sakolsatayadorn រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ក្រុមក្មេងៗចំនួន១២នាក់ និងគ្រូងបង្វឹកបាល់ទាត់របស់ពួកគេ ដែលបានជួយសង្គ្រោះ ចេញពីរូងភ្នំដែលជន់លិចដោយទឹកជំនន់នោះ កំពុងតែមានអាការៈជាសះស្បើយ ជាបណ្តើរៗហើយ នឹងអាចចាកចេញ ពីមន្ទីរបាននៅថ្ងៃព្រហស្បតិ៍សប្តាហ៏ក្រោយ ។

ក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំ ថាមលួង នងណុនដែលសិ្ថតនៅជិតព្រំដែន នៃប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ ហើយការជួយសង្រ្គោះប្រកបដោយសុវត្ថិភាព និងត្រូវបានជ្រោមជ្រែងពីអន្តរជាតិ និងបង្កើតនូវបរិយាកាសរីករាយផងដែរ ។

ក្រុមក្មេងៗ និងគ្រូបង្វឹករបស់ពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅភាគខាងជើងនៃក្រុងឈៀងរ៉ៃចាប់តាំងពីពួកគេត្រូវបាន ជួយសង្គ្រោះប្រកបដោយសុវត្ថិភាព ។

គេបានដឹងថា ក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ បានជាប់គាំងក្នុងរូងភ្នំ ថាមលួង ស្ថិតនៅក្នុងខេត្ត ឈៀងរ៉ៃ ដែលនៅភាគខាងជើ់ងប្រទេសថៃឡង់ដ៏អស់ជាង២សប្តាហ៍ ទម្រាំនឹងបានជួយសង្គ្រោះដោយក្រុមមុជទឹកជនជាតិអង់គ្លេស អាមេរិក ចិន និងក្រុមយោធាជើ់ងទឹកថៃផងដែរ ។ តែជាអកុសល ក្នុងពេលប្រតិបតិ្តការជួយក្មេងៗទាំងនោះ ក៏បណ្តាលឲ្យបាត់បង់ជីវិតយោធាជើងទឹកថៃម្នាក់ដែរ ហើយគេបានចាត់ទុកថា យោធាថៃរូបនេះគឺជាវីរបុរសរបស់ថៃម្នាក់ដែលបានលះបង់ជីវិតក្នុងពេលបំពេញការងារដ៏គ្រោះថ្នាក់បំផុតដែល កម្រកើតមានឡើងនៅលើលោកនេះ ៕

ប្រភពពី ដើមអម្ពិល

មតិយោបល