សហគ្រិនអចលនទ្រព្យ ខ្វះក្តីស្រឡាញ់លើ ៤ចំណុច ច្បាស់ជាបរាជ័យងើបមុខមិនរួច

Today 15:38

ក្តីស្រឡាញ់ និងការចាប់ផ្តើមមុខរបរលើវិស័យអចលនទ្រព្យ

ជាទូទៅសហគ្រិនពេលចាប់ផ្តើមអាជីវកម្ម ឬចេញរកស៊ីរបរណាមួយ វាអាស្រ័យលើឱកាស ឬក៏ជាចំណង់ចំណូលចិត្តខ្លួនផ្ទាល់ ដែលបានគ្រោងទុកជាមុន។ ផ្តើមចេញពីក្តីស្រឡាញ់ លើមុខរបរណាមួយហើយនោះ បើទោះបីជាមិនយល់ស៊ីជម្រៅនូវអាជីវកម្មក៏ពិតមែន តែច្បាស់ណាស់អ្នកនិងចាប់ផ្តើមស្វែងយល់ ស្រាវជ្រាវ នៅមិនសុខចង់តែចេញរកស៊ីឲ្យបានឆាប់ៗ។ នៅមិនសុខនឹកឃើញ មានក្តីសម្រៃកាន់តែធំ ហើយចាប់ផ្តើមរុញច្រានសកម្មភាព ពីមួយថ្ងៃទៅមួយថ្ងៃ ក៏សម្រេចចេញរកស៊ីតែម្តង។

ក្តីស្រឡាញ់ និងបញ្ហាប្រឈមពេលចាប់ផ្តើមអាជីវកម្ម

 

ជាការពិតម្ចាស់អាជីវកម្ម ព្រមទទួលស្គាល់ថា ដំណើរការអាជីវកម្មរបស់ខ្លួនបានជួបបញ្ហាស្ទើគ្មានថ្ងៃលួស់ឡើយ រាប់ចាប់តំាងពីបញ្ហាធម្មតា រហូតដល់បញ្ហាធំៗនៅផ្នែកខាងលើ។ ក្នុងនាមជាសហគ្រិន​ ជាមនុស្សពូកែដោះស្រាយបញ្ហា មានភាពឈ្លាសវៃក្នុងការផ្តល់ដំណោះស្រាយល្អចំពោះបញ្ហា។ តែវាមិនមែនជាបញ្ហានោះទេ ប្រសិនបើយើងស្រឡាញ់អាជីវកម្មមួយនេះ កើតចេញពីបេះដួងខ្លួន ព្រោះពេលខ្លះជួបបញ្ហាហើយសហគ្រិននៅតែញញឹមដោះស្រាយបញ្ហាដោយក្តីរីករាយ ព្រោះកើតចេញពីក្តីស្រឡាញ់ ពេញចិត្ត។ កាន់តែជួបបញ្ហា កាន់តែមានកម្លាំងជំរុញកាន់តែខ្លាំង កត្តាជោគជ័យចៀសផុតពីភាពបរាជ័យកាន់តែធំដែរ។ តែបើមិនស្រឡាញ់វិញ យើងច្បាស់ជាមានអារម្មណ៍ថា នឿហត់ អស់កម្លាំងចង់សម្រាក់ មិនចង់ដឹងបញ្ហាទំាងនេះទេ។

ក្តីស្រឡាញ់ និងការដឹកនាំបុគ្គលិក

«ស្រឡាញ់បុគ្គល ឬមើលថែបុគ្គលិក នោះបុគ្គលិកក៏មើលថែក្រុមហ៊ុនអ្នកវិញដែរ» ជាក់ស្តែងខ្លាំងណាស់ បើការដឹកនាំខ្លាំងទៅបាន មិនមែនកើតចេញពីការចាប់បង្ខំ ឬគោរពតាមបទបញ្ជារគ្រប់ពេលនោះទេ ក៏ប៉ុន្តែលទ្ធផលការងារល្អទៅបាន កើតចេញពីបុគ្គលិកមានបេះដួងធ្វើការទៅវិញទេ។ ការងារអ្វីក៏ដោយ ប្រសិនជាមេដឹកនាំធ្វើការដោយក្តីស្រឡាញ់ជាមួយបុគ្គលិក ចង់មិនចង់បុគ្គលិកកាន់តែខិតខំប្រឹងប្រែងធ្វើកាន់តែល្អ មិនដាក់ដៃទេ។ ព្រោះការងារធ្វើឡើង ដោយក្តីស្រឡាញ់ ខុសពីការងារធ្វើដោយមានការបង្ខំ ទោះតាមរូបភាពណាក៏ដោយ។

ក្តីស្រឡាញ់ និងភាពច្នៃប្រឌិតឲ្យអាជីវកម្មរីកចម្រើន

អាជីវកម្មរីកចម្រើនអាចឈរជើងរឹងមាំយូរអង្វែងបាន មិនអាចគ្មានភាពច្នៃប្រឌិតនោះទេ តែបើមិនគ្មានក្តីស្រឡាញ់ជាប់និងខ្លួន នោះសហគ្រិនច្បាស់ជាពិបាកបន្តិចក្នុងការច្នៃប្រឌិតគំនិតថ្មីៗឡើងជាក់ជាមិនខាន។ មានក្តីស្រឡាញ់ ច្បាស់ជានៅមិនសុខទេ គឺខិតខំប្រឹងប្រែងរកនូវគំនិតណាថ្មីៗ ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនជាប់ជានិច្ច៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ប្រភព៖ https://business-cambodia.com/2018/09/10/real-estate-entrepreneur-4point/

មតិយោបល