តំបន់​ភាគ​ខាងលិច​កាន់តែ​កក្រើក​សម្រាប់​ទីផ្សារ​ដី​ឡូត៍

14 July 2018 09:32

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​២-៣​ឆ្នាំ​កន្លង​មកនេះ តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​សកម្មភាព​ផុសផុល​ទៅ​លើ​ការ​ទិញ​-​លក់​ដីធ្លី ជា​ពិសេស សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម សម្រាប់​ទុក​សង់ផ្ទះ​នៅ​ពេល​អនាគត ។

លោក ជា កុយ នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​សេដ្ឋី បាន​ឲ្យ​ដឹង​ថា បើ​តាម​លោក​សង្កេត​មើលឃើញ​ថា បច្ចុប្បន្ន​នេះ ការ​ពុះ​ដី​ឡូត៍​លក់​នៅ​តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ មាន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស នៅ​ដើមឆ្នាំ​២០១៨​នេះ ។ លោក​ថា ៖« កាលពី​រាជរដ្ឋាភិបាល​ប្រកាស​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ស្រុក​កណ្ដាលស្ទឹង សកម្មភាព​ទិញ​-​លក់​ដីធ្លី​នៅ​ភាគ​ខាងលិច​ហាក់​ស្ងាត់​បន្តិច តែ​ក្រោយមក រហូត​មក​ដល់​បច្ចុប្បន្ន សកម្មភាព​ទិញ​ដីធ្លី​នៅ​ភាគ​ខាងលិច​រាជធានី​បាន​កក្រើក​ឡើង​វិញ ហើយ​សកម្មភាព​នេះ​ខ្លាំង​ជាង​កាលពី​ចុងឆ្នាំ​២០១៧​ទៅ​ទៀត » ។

លោក​បន្ត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​សកម្មភាព​ទិញ​-​លក់​ដីធ្លី ជា​ពិសេស ដី​ឡូត៍​នៅ​តំបន់​ភ្នំ​រាប និង​​ភ្នំ​ប្រសិទ្ធ កាន់តែ​ផុសផុល​ឡើង លោក​មើលឃើញ​ថា មាន​គម្រោង​ធំ​ៗ​មួយ​ចំនួន​ដែល​​នឹង​អភិវឌ្ឍន៍ គឺ​គម្រោង​រោងចក្រ​ដែល​នឹង​លេច​រូបរាង​ឡើង​នៅ​តំបន់​នោះ​នា​ពេល​ឆាប់​ៗ ស្រប​ពេល​ព័ត៌មាន​ថា រោងចក្រ​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​រើ​មក​កាន់​ជាយ​ៗ ហើយ​តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ ក៏​នឹង​កាត់​ចូល​ជា​ទឹកដី​រាជធានី​ភ្នំពេញ​ដែរ ។ ដូចនេះ នៅ​ពេល​វា​ក្លាយជា​ទឹកដី​រាជធានី វា​នឹង​កាន់តែ​មាន​តម្លៃ​ខ្ពស់​ថែម​ទៀត ហើយ​វិនិយោគិន ក៏​នឹង​ចាប់អារម្មណ៍​ច្រើន​លើ​ការ​វិនិយោគ​នានា​ផង​ដែរ ។

ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​អចលនទ្រព្យ​មួយ​រូប លោក​ក៏​បាន​អំពាវនាវ និង​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​បំណង​ដី​ទិញ​ឡូត៍​សម្រាប់​ទុក​សង់ផ្ទះ ឬ​លក់​បន្ត​ក្តី សូម​ពិនិត្យ​មើល និង​សិក្សា​​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ទីតាំង និង​អ្នកលក់​គម្រោង​ដី​ឡូត៍ ជាដើម ។ លោក​ថា ៖« ថ្វី​ដ្បិតតែ​តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធ មានការ​ពុះ​ដី​ឡូត៍​លក់​ច្រើន​ពិតមែន ក៏​ប៉ុន្តែ​ក្នុង​ចំណោម​អ្នកលក់​ដី​ឡូត៍​ទាំងនោះ មិនមែន​សុទ្ធតែ​ល្អ​ទាំងអស់​ទេ មាន​អ្នកខ្លះ​យក​លុយ​ពី​ធនាគារ​មក​ពុះ​ដី​ឡូត៍​លក់ ហើយ​ពេល​លក់​បាន​លុយ​យក​ទៅ​សង​ធនាគារ​វិញ ។ តែ​ក្នុង​ករណី​លក់​មិន​ដាច់ ឬ​លក់ដាច់​ដែរ តែ​ប្រើ​ពេល​យូរ ដូចនេះ ការ​ប្រាក់​ធនាគារ​នឹង​កើន​ឡើងជា​បន្តបន្ទាប់ ខណៈ​ប្លង់​ដី​ទាំងនោះ​ក៏​ជាប់​នៅ​ធនាគារ » ។

លោក ឌិ​ត ច​ណ្ណា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ឡាក់​គី បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់​ភាគ​ខាងលិច ជា​ពិសេស នៅ​ជុំវិញ​បឹង​កប់​ស្រូវ វា​មិន​ឆ្ងាយ​ពី​ទីក្រុង​ប៉ុន្មាន​ទេ ។ ជាក់ស្ដែង បើ​យើង​ធ្វើ​ដំណើរ​ពី​តំបន់​ភ្នំពេញ​ថ្មី សែន​សុខ និង​ផ្សារ​ទំនើប​អ៊ី​អន​២ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​នឹង​ដល់​តំបន់​នោះ​ហើយ ។ ដូចនេះ សក្ដានុពល​តំបន់​នេះ​នៅ​ពេល​អនាគត នឹង​ល្អ​ប្រសើរ​មិន​ចាញ់​តំបន់​ផ្សេង​ដែល​នៅ​ជាយក្រុង​ទេ ។

លោក​បន្ត​ថា នៅ​តំបន់​ខាងលិច យើង​មើលឃើញ​ថា រាជរដ្ឋាភិបាល​ក៏​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ហើយ​ដែរ ទាំង​ប្រព័ន្ធ​ទឹក​-​ភ្លើង និង​ផ្លូវ ជាដើម ។ ដូចនេះ ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល ក៏​អាច​នឹង​សម្លឹង​ពី​ការ​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​ខ្លាំងក្លា​ផង​ដែរ ។

លោក​ថា ៖« បើ​និយាយ​ពី​ការ​អភិវឌ្ឍ​ជាយ​រាជធានី​នា​ពេល​បច្ចុប្បន្ន​នេះ​ឃើញ​ថា មាន​សក្ដានុពល​ម្យ៉ាង​ម្នាក់ ។ ដូចនេះ យើង​ពិបាក​នឹង​ដាក់​ចំណាត់ថ្នាក់​ថា នៅ​តំបន់​មួយ​ណា​ល្អ​ជាង​មួយ​ណា​ទេ គឺ​វា​អាស្រ័យ​លើ​ប្រភេទ​នៃ​ការ​អភិវឌ្ឍ​តំបន់​ទាំងនោះ » ៕

 

ប្រភពពី៖ កោះសន្តិភាព

មតិយោបល