គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ត្រូវ​សមត្ថកិច្ចជំនាញចាប់ដុត​កម្ទេច​ចោល

​បន្ទាយ​មាន​ជ័យ ​៖ ​គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​ត្រូវ​បាន​មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥​​សហការ​ជាមួយ​​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យយក​ទៅ​ដុត​ចោល​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅ​ជាយ​ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​គយ​និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ប្រចាំ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ពង្រឹង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​និង​ទប់ស្កាត់​រាល់​ទំនិញ​ខូច​ភាព​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់​រថយន្ត​ម៉ាក់​ហា​យ​ឡិន​ឌ័​រ ១​គ្រឿង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​ដឹក​គ្រឿងក្នុង​ជ្រូក​នៅ​វេលា​ម៉ោង​៩​ព្រឹក​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​​នៅ​​ភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥​បាន​បញ្ជាក់​ថា ​ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​១​គ្រឿង​ដែល​សង្ស័យ​ធ្វើ​ឆែកឆេរ​រក​ឃើញ​ដឹក​គ្រឿងក្នុង​ជ្រូក​ចំនួន​១៨​កេស​១​កេស​មាន​ទម្ងន់​៦០​គីឡូក្រាម​ដែល​សរុប​មាន​ទម្ងន់​១,០៨០​គីឡូក្រាម ជា​ប្រភេទ​គ្រឿងក្នុង​ជ្រូក មាន​ឆ្អឹងជំនី អណ្តាត បេះដូង ស្លឹកត្រចៀក ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀន និង​ខួរ​ជ្រូក​។

មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥​បាន​បញ្ជាក់​ថា​ ​រថយន្ត​១​គ្រឿង​ដែល​ដឹក​គ្រឿងក្នុង​ជ្រូក​គឺ​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ខុសច្បាប់​គោលបំណង​ដឹក​ពី​ព្រំដែន​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ យក​ទៅ​ដាក់​អោយ​ម៉ូយ​តាម​បណ្តា​ខេត្ត​ភ្នំពេញ ដែល​ដឹក​គ្មាន​ច្បាប់ ហើយ​ខុស​បច្ចេកទេស​បណ្តាល​ខូចគុណភាព​។​ហើយ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​ហើយ​ទំនិញ​គ​គ្រឿងក្នុង​ជ្រូក​ទម្ងន់​ជាង​១​តោន​ត្រូវ​បាន​យក​ទៅ​ដុត​កំទិច​ចោល​ជាយក្រុង​សិរី​សោភ័ណ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *