រន្ធត់ណាស់បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ម្នាក់នៅ…

កណ្តាល៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តស៊េរីទំនើបបើកលឿនជាន់ហ្វ្រាំងមិនទាន់បណ្តាលអោយបុកចំពេញទំហឹងកាលពីវេលា ម៉ោង១:៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៨_២៩ចំណុច៖ភូមិ​ ខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BY.5818 មានឈ្មោះ​ ឃិន ចាន់ណា ភេទប្រុសអាយុ២៧ មានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ ។

រថយន្តដែលបុកជនរងគ្រោះពេលជិះម៉ូតូបត់ឆ្លងផ្លូវ ម៉ាកTOYOTA ALPHARD ស៊េរី២០០៩ ពណ៏ស ពាក់ស្លាកលេខភ្នំពេញ.2BB- 7158 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

លោកព្រុំ សំអុល នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ចំណែករថយន្តបើកបរក្នុងទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿង ដល់កន្លែងកើតហេតុស្ថានភាពផ្លូវរាងកោង ស្រាប់តែជនរងគ្រោះជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្តបុកបណ្តាលអោយជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ដោយឡែកអ្នកបើកបរទុករថយន្តចោលរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *